លោក តាន់ គឹម សួរ សកម្មជនការពារព្រៃឈើនៅកម្ពុជា ថាជិះលេងៗ ជួបមែនទែន...
ខេត្តព្រះវិហារ : ប្រិយមិត្តជាទីរាប់អាន បទល្មើសធនធានធម្មជាតិនៅតែអាចចរាចរបាននៅលើកំណាត់ផ្លូវជាតិលេខ៦២ ទាំងថ្ងៃទាំងយប់ រាប់សិបឡាន ឆ្លងកាត់ស្នាក់ការចាំយាមរាប់សិបកន្លែង មានទាំងស្នាក់ការបរិស្ថាន រដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថ ប៉ូលិសសេដ្ឋកិច្ច ហាក់គ្មានខ្លាចរអាអ្វីបន្តិចទាល់តែសោះ ឬមួយការចរាចរណ៍បទល្មើសធនធានធម្មជាតិនេះ ចេះហោះ ចេះហើរ ពុះដីជ្រែកអាកាស ទើបបានជាពុំមានការទប់ស្កាត់និងបង្ក្រាប ពីសំណាក់មន្ត្រីជំនាញ ពាក់ព័ន្ធ ដែលបានដាក់ស្នាក់ការចាំយាម នៅតំបន់នោះ?
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ លោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រឡាញ់ធនធានធម្មជាតិ និងក្រុមការងារ បានធ្វើដំណើរឆ្លងកាត់ ក៏ប្រទះឃើញរថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-០១៧៣ ផ្ទុកពេញដោយឈើ នៅចំណុចភូមិ ទទឹម ឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមន្ត្រីជំនាញដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបបានរថយន្តខាងលើតែម្តង។
ទន្ទឹមនិងនេះដែរ នៅលើគណនីផេករបស់ លោក តាន់ គឹមសួរ បានបង្ហោះ ថាជិះលេងៗ ជួបមែនទែន ព្រះវិហារ ចរាចរបទល្មើសព្រៃឈើទាំងថ្ងៃទាំងយប់ រាប់សិបឡាន ឆ្លងកាត់ស្នាក់ការចាំយាមរាប់សិបកន្លែង មានទាំងស្នាក់ការបរិស្ថាន រដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថ ប៉ូលិសសេដ្ឋកិច្ច ដូចគ្មានខ្លាចរអាអ្វីបន្តិចទាល់តែសោះ បទល្មើសនៅតែអាចចរាចរបានជាធម្មតា ឬមួយគ្រប់កន្លែងទាល់តែមានវត្តមានតាន់ គឹមសួរ ទើបមានការបង្ក្រាប?
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេសនៅតែគោរពស្នើសុំទៅដល់សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធដែលបានដាក់ស្នាក់ការចាំយាម មេត្តាមានវិធានការរឹតបន្តឹង ហ្នឹងយកចិត្តទុកដាក់ចូលរួម បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសមាននៅក្នុងដែនសមត្ថកិច្ចខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ចៀសវាងមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថា ប្រសិនបើគ្មានការបើកដៃ ម៉្លេះការចរាចរបទល្មើសធនធានធម្មជាតិទាំងនោះ ក៏ពុំមានដែរ សូមអរគុណ៕





No comments