លោក សារូ រតនា នាយខណ្ឌរដ្ឋបាលព្រៃឈើស្តីទី ខេត្តមណ្ឌលគិរី «ស៊ីប្រាក់ខែរាស្ត្រ ប៉ុន្តែការពារក្រុមហ៊ុន» ហ៊ានទាំងបញ្ចេញកំហឹងចោទប្រកាន់អ្នកសារព័ត៌មាន និងប្រជាសហគមន៍ថាជា «ក្រុមបង្កររឿង»!
ខេត្តមណ្ឌលគីរី ÷ ផ្ទុះរឿងអាស្រូវស្អុយកគ្រុកពេញខេត្តមណ្ឌលគីរី ខណៈមន្ត្រីរដ្ឋបាលព្រៃឈើ សុីប្រាក់ខែរដ្ឋចេញមុខកាងក្រុមហ៊ុនកាប់ ដឹកឈើបំពានច្បាប់ មិនព្រមអនុវត្តនីតិវិធី បែរជាចោទប្រកាន់មកលើអ្នករាយការណ៍ថា ចង់បង្កររឿង និងចង់បានផលប្រយោជន៍ពីក្រុមហ៊ុន និងមន្ត្រីជំនាញទៅវិញ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រោយទទួលបានព័ត៌មានពីប្រជាសហគមន៍ ដោយមានការសង្ស័យថា ក្រុមហ៊ុន ជា ចិន្ដា ឯក សហការដាំឈើ បានធ្វើសកម្មភាពកាប់និងដឹកឈើចេញពីតំបន់ផ្សេងចូលមកក្នុងក្រុមហ៊ុន ដោយខុសគោលការណ៍ច្បាប់បានអនុញ្ញាត បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម និងមានការចង្អុរបង្ហាញពីលោក តាន់ គីមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ ក្រុមការងារអ្នកសារព័ត៌មានគេហទំព័រសង្គមបច្ចុប្បន្ន (SKB NEWS) បានទំនាក់ទំនងទៅឯកឧត្តម សួន សុវណ្ណ អគ្គនាយកដ្ឋានព្រៃឈើ-សត្វព្រៃ តាមប្រព័ន្ធតេលេក្រាម ដើម្បីរាយការណ៍ជូនពីករណីនេះ ឯកឧត្តមក៏បានចាត់តាំងឲ្យលោក មាឃ វុទ្ធី ប្រធាននាយកដ្ឋាន និងលោក អុិត ភូម្រា អនុប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងច្បាប់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចុះត្រួតពិនិត្យលើករណីនេះជាបន្ទាន់ ។
លុះព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ដោយទទួលបានបទបញ្ជាពីឯកឧត្តម សួន សុវណ្ណ អគ្គនាយកដ្ឋានព្រៃឈើ-សត្វព្រៃ និងមានការសម្របសម្រួលពីលោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី បានចាត់តាំងមន្ត្រីរដ្ឋបាលព្រៃឈើចំនួន០៣នាក់ និងក្រុមការងារអ្នកសារព័ត៌មាន ដែលជាអ្នករាយការណ៍បានចូលទៅដល់ក្នុងក្រុមហ៊ុន និងបានពិនិត្យមើលឃើញសកម្មភាពមិនប្រក្រតី មានការកាប់ឈើនៅអនុតំបន់០៦ និងមានគំនរ ហ៊ុបមូលជាច្រើនកំណាត់ ដាក់រាយប៉ាយពេញផ្លូវ និងបានដឹកចូលក្រុមហ៊ុន យ៉ាងអនាធិបតេយ្យជាទីបំផុត ។
ស្រាប់តែនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារបានទទួលកំណត់ហេតុពីរដ្ឋបាលព្រៃខេត្តមណ្ឌលគីរី ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៦ ដែលស៊ីញ៉េទទួលស្គាល់ដោយលោក សារូ រតនា នាយខណ្ឌរដ្ឋបាលព្រៃឈើស្តីទីខេត្តមណ្ឌលគិរី បែរជាមកចោទប្រកាន់មកលើអ្នករាយការណ៍និងអ្នកសារព័ត៌មានថា
- ពិនិត្យជារួមការផ្សព្វផ្សាយនូវព័ត៌មានអំពីបទល្មើសព្រៃឈើដែលអ្នកសារព័ត៌មានមួយចំនួន ពេលខ្លះមានលក្ខណៈ ដុតឱ្យខ្លោចរួចឲ្យឆៅ ជាការបំប៉ោងនិងចង់បង្ករឿងពីតូចទៅធំដោយប្រើប្រាស់ភាសាជំរុញកំហឹង និងអាចមានចេតនាអាក្រក់បង្ខំឲ្យភាគីពាក់ព័ន្ធ ក្រុមហ៊ុននិងមន្ត្រីជំនាញចេញមុខសម្របសម្រួល ឬផ្ដល់ផលប្រយោជន៍ដើម្បីបិទព័ត៌មាន។ ការផ្សព្វផ្សាយព័ត៌មានបែបនេះវាមិនត្រឹមតែមិនបានជួយការពារធនធានព្រៃឈើទេ ប៉ុន្តែថែមទាំងបង្កើតនូវភាពវឹកវរក្នុងសង្គម បំផ្លាញកិត្តិយសអ្នកដទៃនិងប្រែក្លាយអាជីពពីរនាក់សារព័ត៌មានឲ្យទៅជាឧបករណ៍គំរាមកំហែងទៅវិញ។
- ការផ្សព្វផ្សាយព័ត៌មានបំប៉ងពីបទល្មើសព្រៃឈើក្នុងទីតាំងសម្បទានដីសេដ្ឋកិច្ច គឺជាបញ្ហាប្រឈមមុខមួយដែលមិនត្រឹមតែប៉ះពាល់ដល់កិត្តិយសអាជ្ញាធរអង្គភាពជំនាញនិងស្ថាប័នគ្រប់គ្រងប៉ុណ្ណោះទេប៉ុន្តែបាននឹងកំពុងបង្កើតជារបាំងរាំងផ្ទះយ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគនិងគោលនយោបាយជំរុញការវិនិយោគលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីទទួលបាននៅរបាយការណ៍កំណត់ហេតុបែបនេះ ក្រុមការងារបានទំនាក់ទំនងទៅលោក សារូ រតនា នាយខណ្ឌរដ្ឋបាលព្រៃឈើស្តីទីខេត្តមណ្ឌលគិរី តាមរយៈលេខទូរសព្ទ 097 699 9997 ដើម្បីធ្វើការសាកសួរនិងបំភ្លឺពាក់ព័ន្ធទៅនឹងករណីខាងលើដែលក្រុមការងារបានចុះទៅដល់ទីតាំង ក្រុមហ៊ុន ជា ចិន្តា ឯក សហការដាំឈើខាងលើនេះ តែលោកឆ្លើយទាំងរដាក់រដុបនិងថាជាប់រវល់រួចក៏បិទទូរសព្ទ។
អង្គភាពយើង សុំសួរទៅលោក សារូ រតនា នាយខាន់ស្ដីទីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ថា:
១- តើទំព័រ facebook page ឬតាមរយៈគេហទំព័រមួយណា ដែលអង្គភាពសារព័ត៌មានគេហទំព័រសង្គមបច្ចុប្បន្នបានចុះផ្សាយ ពីការកាប់ដឹកជញ្ជូនឈើក្នុងក្រុមហ៊ុនជាចិន្តា?
២- តើលោកមានភស្តុតាងមួយណា ដែលចោទប្រកាន់មកលើអ្នករាយការណ៍ និងអ្នកសារព័ត៌មាន ថាបានបង្ករឿង ហ្នឹងមានចេតនាបង្ខំឲ្យភាគីពាក់ព័ន្ធ ទាំងក្រុមហ៊ុន ទាំងជំនាញ ចេញមុខសម្របសម្រួល ឬផ្ដល់ផលប្រយោជន៍ដើម្បីបិទបាំងព័ត៌មាន?
៣- តើគំនឈើហុបមូល ដែលលោកបានចុះត្រួតពិនិត្យ ចាប់ពីអនុតំបន់ ៣ រហូតដល់អនុតំបន់៨ នៅក្នុងដីក្រុមហ៊ុនជាចិន្តា ជាឈើអ្វី តើការកាត់និងដឹកជញ្ជូនចូលក្នុងក្រុមហ៊ុននេះ ស្របទៅតាមគោលការណ៍ច្បាប់អនុញ្ញាតដែរឬទេ?
៤- ចុះឈើដែលមានចំនួន ២៣ កំណាត់ ប្រមាណជា ១៣ម៉ែត្រត្រីគុណ ដែលស្ថិតនៅអនុតំបន់ ០៥ និងងអនុតំបន់ ០៦ ដែលជាអនុតំបន់ពុំទាន់បានធ្វើសារពើភ័ណ្ឌព្រៃឈើនៅឡើយ តើខុសច្បាប់ដែរឬទេ?
៥- បើគេជំរិតទារប្រាក់មែន តើឯកសារ វីដេអូ ឬសំឡេងភស្តុតាងនៅឯណា? បើគ្មានភស្តុតាងទេ ការធ្វើកំណត់ហេតុចោទប្រកាន់គេបែបនេះ គឺជា «អំពើបរិហារកេរ្តិ៍ និងរំលោភអំណាចយ៉ាងធ្ងន់ធ្ងរ»!
នេះឬជាទង្វើរបស់ជំនាញរដ្ឋបាលព្រៃឈើ អ្នកការពារព្រៃឈើ អ្នកអនុវត្តច្បាប់ គេរាយការណ៍ ឲ្យហើយចោទប្រកាន់គេទៀត សូមលោក យកភ័ស្តុតាងមកបង្ហាញជាសាធារណ: ដើម្បីបញ្ជាក់ផង ។
ទង្វើនេះអាចបង្ហាញឲ្យច្បាស់ក្រឡែតពីភាពកំសោយជាទីបំផុតរបស់លោក សារូ រតនា រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី ដែលមានតួនាទីភារកិច្ច ការពារធនធានព្រៃឈើ និងជាសេនាធិការ របស់ថ្នាក់ដឹកនាំ ហ៊ានចេញមុខកាងឲ្យក្រុមហ៊ុន ទាំងបំពាន ទាំងដែលខ្លួនស៊ីប្រាក់ខែរាស្រ្តប្រាក់ខែរដ្ឋ ហើយហ៊ានធ្វើបំពានច្បាប់ទៀត។
ជុំវិញករណីនេះ អង្គភាពយើងស្នើរសុំឲ្យលោក សារូ រតនា នាយខណ្ឌរដ្ឋបាលព្រៃឈើស្ដីទីខេត្តមណ្ឌលគិរី បកស្រាយឲ្យបានច្បាស់លាស់និងបង្ហាញឯកសារពាក់ព័ន្ធដែលបានចោទប្រកាន់ដាក់បន្ទុកមកលើអង្គភាពសារព័ត៌មានគេហទំព័រសង្គមបច្ចុប្បន្ន ថាបានដុតឱ្យខ្លោចរួចឲ្យឆៅ និង បង្ករពីរឿងតូចឱ្យទៅជារឿងធំ និងមានចេតនាបង្ខំឲ្យភាគីពាក់ព័ន្ធ ទាំងក្រុមហ៊ុន ទាំងមន្ត្រីជំនាញ ចេញមុខសម្របសម្រួល ដើម្បីផ្ដល់ផលប្រយោជន៍បិទព័ត៌មាន ឲ្យបានច្បាស់លាស់ផងទាន!
ទោះជាយ៉ាង មហាជនដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេសទទូចស្នើសុំ ដល់ឯកឧត្តម សួន សុវណ្ណ អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើនិងសត្វព្រៃ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គោរពស្នើសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ មេត្តាចាត់កម្លាំងក្រោមឱវាទ ចុះធ្វើអធិការកិច្ច ចំពោះក្រុមហ៊ុន ជា ចិន្តា ឯក សហការដាំឈើ និងលោក សារូ រតនា នាយខាន់ស្ដីទីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីខាងលើ ដើម្បីស្វែងរកការពិត និងរក្សាតម្លាភាពក្នុងការអនុវត្តច្បាប់។


















No comments