កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
ខេត្តកណ្តាល៖ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់មន្ត្រីមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស វិធីសាស្ត្រការពារខ្លួនពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមរយៈប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ) ព្រមទាំងហានិភ័យខ្ពស់នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ និងប្រថុយប្រថាន គណៈកម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅស្រុកលើកដែក ខេត្តកណ្ដាល ក្រោមអធិបតីភាពលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅវត្តព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បានលើកឡើងថា៖ អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលបំផ្លាញអនាគតកុមារ និងធនធានមនុស្សរបស់ជាតិ។ យើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឱ្យបានជាដាច់ខាត។
ជាមួយគ្នានេះដែរ លោកជំទាវអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា៖ បញ្ហាប្រឈមនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់ និងធ្វើចំណាកស្រុកតាមផ្លូវច្បាប់ ដើម្បីជៀសវាងការធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។
ជាមួយគ្នានោះដែរ ក្នុងវេទិកានេះក៏មានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ និងកងកម្លាំងនគរបាលជំនាញ អំពី៖ល្បិចកល និងទម្រង់ផ្សេងៗនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ។ វិធានការការពារកុមារ និងយុវជនពីការល្បួងលោម និងការរំលោភបំពានតាមរយៈបណ្តាញសង្គមផ្សេងៗ (ដូចជា Facebook, TikTok, Telegram ជាដើម)។ ផលវិបាក និងគ្រោះថ្នាក់ដែលបង្កឡើងដោយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ បណ្តាញ និងលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ (Hotline) សម្រាប់រាយការណ៍ និងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច។
លោកជំទាវ អភិបាលរងខេត្ត បានផ្តល់អនុសាសន៍ណែនាំដល់អាជ្ញាធរស្រុកលើកដែក ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសត្រូវបន្តចុះផ្សព្វផ្សាយច្បាប់ទាំងនេះឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងតាមសាលារៀន ដើម្បីធានាបាននូវសុវត្ថិភាព សុខុមាលភាពរបស់កុមារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះផងដែរ ដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា លោកជំទាវអភិបាលរងខេត្ត បានសម្តែងនូវការព្រួយបារម្ភ និងក្រើនរំលឹកយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន មាតាបិតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តវិធានការអនាម័យជាប្រចាំ ដើម្បីការពារសុខភាព និងអាយុជីវិតរបស់កុមារតូចៗពីជំងឺគ្រុនឈាម ត្រូវរួមគ្នាធ្វើអនាម័យជុំវិញលំនៅឋាន លុបបំបាត់ និងកម្ទេចចោលនូវរាល់សម្ភារដក់ទឹក ដូចជា ដប កំប៉ុង សំបកកង់ឡាន ម៉ូតូ និងត្រឡោកដូង ដែលជាជម្រកពងកូនរបស់មូសខ្លា ក្នុងករណីមានសមាជិកគ្រួសារ ពិសេសកុមារតូចៗ មានអាការៈក្តៅខ្លួនខ្លាំងខុសធម្មតា ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ហើយដាច់ខាតមិនត្រូវផ្សំថ្នាំលេបដោយខ្លួនឯង ឬទៅព្យាបាលនៅសេវាឯកជនគ្មានច្បាប់អនុញ្ញាតឡើយ។











No comments