ហេតុអ្វីបានជាការជួញដូរសត្វព្រៃ នៅក្រុងបានលុង ខេត្តរតនគិរី សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធ គ្មានវិធានការទប់ស្កាត់និងបង្ក្រាប... តើឈ្មួញនោះចេះមន្តអាគមអ្វីទៅហ្ន៎!?
ខេត្តរតនគិរី ÷ ប្រិយមិត្តជាទីរាប់អាន ជារឿងដដែលៗពាក់ព័ន្ធទៅនឹងការជួញដូរសត្វព្រៃ ចំកណ្ដាលផ្សារនៃក្រុងបានលុង ខេត្តរតនគិរី ដែលមហាជន បានស្គាល់និងបានឮ ឈ្មួញជួញដូរសត្វព្រៃដែលមានឥទ្ធិពល ប្រចាំខេត្ត គឺឈ្មោះ ចែក្រឹត និង ចែទូច ដោយកន្លងមកអ្នកសារព័ត៌មានជាច្រើនអង្គភាពបានជួបប្រទះទីតាំងលក់ដូរសត្វព្រៃខាងលើនេះ ហើយក៏បានរាយការណ៍ជូនទៅអាជ្ញាធរសមត្ថកិច្ចមន្ត្រីជំនាញ ម្តងទៅពីរដង រួចមកហើយ កាលពីថ្ងៃទី០៧ ខែមិនា និងថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ។
ប៉ុន្តែបើទោះបីជាធ្លាប់រាយការណ៍ជាច្រើនលើក ច្រើនសារយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា ការចរាចរជួញដូរសត្វព្រៃនេះ នៅតែបន្តសកម្មភាពលក់ដូរជាធម្មតា ដោយពុំមានការថមថយ និងរឹតតែផ្គើន ពោលពុំមានការកោតខ្លាចញញកើតនិងច្បាប់បន្តិចសោះឡើយ។ ជាក់ស្តែងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារបានប្រទះឃើញការដាក់តាំងលក់ដូរចែកចាយសត្វព្រៃរបស់ឈ្មួញជើងរឹង ខាងលើនេះ យ៉ាងអនាធិបតេយ្យដដែលជាដដែល
ស្ថិតនៅផ្សារបានលុង ខេត្តរតនគីរី ចំណុចលេខយាមការ =48 P-714989 --1519388 ចំនួន០២ តូប ដែលពលរដ្ឋនៅផ្សារបានលុងស្គាល់ជាថៅកែឈ្មោះ(ចែក្រិតនឹងឈ្មោះចែទូច)កំពុងសប្បាយដៃលក់ចែកចាយសាច់សត្វព្រៃជាច្រើនប្រភេទយ៉ាងរំភើយហាក់បីដូចមិនខ្លាចញញើតអាជ្ញាធរសមត្ថកិច្ចមន្ត្រីជំនាញអនុវត្តច្បាប់ផ្ទាល់តែសោះ។
បន្ទាប់ពីបានប្រទះឃើញសកម្មភាពបែបនេះ មិនបង្អង់យូរ ក្រុមការងារបានរាយការណ៍ខលតាមរយៈទូរសព្ទទៅ(លោកហួរ)ប៉ូលីសសេដ្ឋកិច្ចខេត្តរតនគីរី. ដើម្បីផ្តល់ព័ត៌មាន លោកតបថាជាប់រវល់មកព្រំដែននឹងឲ្យទំនាក់ទំនងទៅលោក(លីសុផាន)ផ្នែករដ្ឋបាលព្រៃឈើខេត្តរតនគីរីបន្តលោកនឹងចាត់កម្លាំងចុះសហការជាមួយមន្ត្រីជំនាញ។
ក្រុមការងារក៏បានខលទូរសព្ទទៅលោក លី សុផាន ផ្នែករដ្ឋបាលព្រៃឈើរតនគិរី លោកតបថាឱ្យរង់ចាំបន្តិចលោកកំពុងស្នើសុំឲ្យសមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថជួយសហការ ដោយមានការខ្លាចក្រុមឈ្មួញលក់ចែកចាយបែកធ្លាយ ក្រុមការងារក៏បានខលទៅលោក សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីដើម្បីរាយការណ៍ លោកថានឹងចាត់កម្លាំងចុះសហការជាមួយមន្ត្រីជំនាញ។
មហាជនហាក់មានការងឿងឆ្ងល់ជាពន់ពេក ខណៈការជួញដូរសត្វព្រៃជាចំហរបែបសាធារណ:នៅចំកណ្តាលផ្សារនៃក្រុងបានលុង ខេត្តរតនគិរី ជារៀងរាល់ថ្ងៃ ហេតុអ្វីជំនាញពាក់ព័ន្ធទាំងនោះ បែរជាមិនដឹងយ៉ាងដូច្នេះ? តើឈ្មួញពីរនាក់ខាងលើនេះ ចេះមន្តអាគមអ្វីទៅ បានជាអាចឆ្ពិនភ្នែកមន្ត្រីជំនាញបាន ខណៈការលក់ដូរចែកចាយសត្វព្រៃនេះនៅទីវាលពិសេសកណ្តាលផ្សារ មនុស្សម្នាច្រើនកុះករ ស្អេកស្កះ រាប់មិនអស់? ណាមួយចំពោះសកម្មភាពលក់ដូរចែកចាយនេះ ក្រុមការងារធ្លាប់បានរាយការណ៍ជាច្រើនលើក ច្រើនសារមកហើយដែរ តែគ្មានការទប់ស្កាត់ទាល់តែសោះ។
ទោះជាយ៉ាងនេះក្តី ជុំវិញករណីនេះ មហាជនដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេស សំណូមពរទៅដល់សមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន គ្រប់លំដាប់ថ្នាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី និងគោរពស្នើសុំដល់ឯកឧត្តម សួន សុវណ្ណ អគ្គនាយកដ្ឋានព្រៃឈើ-សត្វព្រៃ មេត្តាទានជួយមានវិធានការចាត់កម្លាំងក្រោមឱវាទចុះធ្វើការទប់ស្កាត់ និងបង្ក្រាបករណីការជួញដូរដូរសត្វព្រៃ របស់ឈ្មួញពីរនាក់ខាងលើនេះផងទាន សូមអរគុណ៕






No comments