សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..

Breaking News

ឡធ្យូងជាច្រើនកន្លែងទូទាំងប្រទេសត្រូវបានទប់ស្កាត់និងបង្ក្រាប ប្លែកតែឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មន្ត្រីជំនាញគ្មានវិធានការទប់ស្កាត់ទាល់តែសោះ...

ដោយ :www.k-sangkombachchoban.com.kh

 

ខេត្តកំពង់ស្ពឺ ÷ ប្រិយមិត្តជាទីរាប់អាន! ឡដុតធ្យូង គឺជាគ្រឹះមួយដែលដើរតួរយ៉ាងសំខាន់ក្នុងការបំផ្លាញធនធានធម្មជាតិ ដែលអាចចាត់ទុកថាជាលេខរៀងទី០២ ក្នុងចំណោមកត្តាសំខាន់ៗ ដែលធ្វើឱ្យធនធានធម្មជាតិត្រូវបានបាត់បង់ ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មហាជនទូទាំងប្រទេសសង្កេតឃើញថា តាមបណ្ដាស្រុកខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា បានចុះអនុវត្ត បង្ការទប់ស្កាត់ និងបង្រ្កាប ឡធ្យូង នៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំ ប្លែកអ្វីតែនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺឯណេះវិញ ឡដុតធ្យូងនៅតែបន្តកើតមាន នឹងធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ ដោយពុំឃើញមានអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ ចុះធ្វើការទប់ស្កាត់និងបង្រ្កាបទាល់តែសោះ តើមកពីកត្តាអ្វីដែរទាន?។ តើនៅតំបន់នោះមានមន្ត្រីជំនាញពាក់ព័ន្ធប្រចាំការដែរឬទេ? ចុះស្នាក់ការ បរិស្ថាននៅតំបន់នោះ រវល់ធ្វើអ្វីទៅ ហេតុអ្វីបានជាមិនដែលបណ្ដោយឲ្យមានបទល្មើសចរាចរណ៍ដឹកអុសព្រៃ យកមកចូលមកដុតធ្យូងយ៉ាងអាណាធិបតេយ្យបែបនេះ?









គួររំលឹកផងដែរថាកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមន្ទីរបរិស្ថាន រាជធានី ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងខុសច្បាប់។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ពីផលប៉ះពាល់នៃការបង្កើតឡធ្យូង និងការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់ ក្នុងតំបន់ការពារ និងត្រូវចូលរួមសហការទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បែបនេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថានលើកដំបូង សម្រាប់ឆ្នាំថ្មី នាទីស្តីការក្រសួងបរិស្ថាន។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីនៅតាមតំបន់ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់, តាមដាន, ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ, សត្វព្រៃ និងដីព្រៃឈើឱ្យបានទាន់ពេលវេលា។

ការលើកឡើងនេះ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព ជាពិសេសវិធានការជំរុញ «ភាពបៃតង» ដែលជាសសរស្តម្ភទី២ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ ជំរុញការពង្រីកគម្របបៃតង និងការអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។

ទោះជាយ៉ាងណាប្រជាសហគមន៍ដែលស្រឡាញ់ធនធានធម្មជាតិ សំណូមពរដល់លោក នី នរ: អភិបាលស្រុកឱរ៉ាល់ ដែលទើបតែឡើងកាន់តំណែងនាពេលថ្មីៗនេះ និងទទួចស្នើសុំដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាទាន ចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យ ធ្វើការទប់ស្កាត់និងបង្ក្រាប រាល់ឡដុតធ្យូងដែលកំពុងតែធ្វើសកម្មភាពស្ថិតនៅទីតាំងខាងលើនេះផងទាន ដើម្បីរក្សាការពារនូវសម្បត្តិធនធានធម្មជាតិដែលជារបស់ជាតិ របស់រដ្ឋ ឲ្យបានស្ថេរគង់វង្ស សូមអរគុណ៕

No comments